ខេត្ដកំពង់ឆ្នាំង ៖ យោងតាមសំណើសុំ ជួលដីមួយកន្លែងដែលជាកម្មសិទ្ធិរបស់រដ្ឋ ស្ថិតនៅចំណុចចុងកោះ ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ស្ថានីយប្រេងឥន្ធនៈមួយ នឹងត្រូវសាងសង់លើមាត់ច្រាំងទន្លេផ្សារក្រោមដែលត្រូវដឹកដីចាក់ បំពេញ ព្រោះទីតាំងនោះតូចចង្អៀតដែលកត្ដានេះធ្វើឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ចរាចរផ្លូវទឹកជាដើម ដែលគួរតែក្រសួងពាក់ព័ន្ធពិនិត្យឱ្យបាន ច្បាស់មុនការសាងសង់មកដល់ ។ តាមឯកសារសំណើរបស់លោកយឹម យូអ៊ី អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិផ្សារឆ្នាំង ដាក់ទៅក្រសួងធនធានទឹកដើម្បីសុំជួលដី មួយកន្លែងនៅភូមិផ្សារឆ្នាំង (ចំណុចចុងកោះ) ដើម្បីសាងសង់ស្ថានីយប្រេងឥន្ធនៈ ដែលមានទំហំ៣០ម៉ែត្រគុណ៣០ម៉ែត្រ ព្រោះស្ថានីយចាស់ដែលជួលស្ថិតនៅចំងាយ ពីចំណុចសង់ថ្មីប្រមាណ២០០ម៉ែត្រត្រូវម្ចាស់ បញ្ឈប់ការជួល ខណៈផុតកិច្ចសន្យា ។
លោកដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ដប្រាប់តាមទូរស័ព្ទថា ពិតជាមានពាក្យខ្ចីដីរដ្ឋនោះសាងសង់ស្ថានីយប្រេងមែន តែលោកគិតថា មិនប៉ះពាល់ដល់ចរាចរផ្លូវទឹក និងបរិស្ថានឡើយ ។ ទោះបីជាយ៉ាងណាក្ដី តាមមន្ដ្រីជំនាញនិយាយថា ការសាងសង់ស្ថានីយប្រេងនៅ ចំណុចនោះ គឺប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានចរន្ដផ្លូវទឹកទន្លេ និងធ្វើឱ្យបាត់បង់សោភ័ណភាពផងដែរ ។ ម្យ៉ាងវិញទៀតកន្លែងសាងសង់ គឺតូចចង្អៀតមានតែមួយផ្លូវរថយន្ដ ចៀសគ្នាបាន ហើយការសាងសង់គេរំពឹងថា បើមិនសាងសង់យកដីផ្លូវទេ មានតែសាងសង់ចូលទឹកទន្លេ ព្រោះចំណុចនោះមាត់ច្រាំងទន្លេ ។ ចំណែកការអភិវឌ្ឍមាត់ទន្លេ ផ្សារក្រោមនឹងប៉ះពាល់ ព្រោះអនាគតមិន មែនត្រូវមានសួនច្បារត្រឹមតែធ្វើរួចនេះទេ គឺនឹងត្រូវពង្រីកបន្ថែមទៀតដើម្បីសោភ័ណភាពខេត្ដ ។
កាលពីអំឡុងឆ្នាំ២០០៨មានការសាង សង់ខឿនមាត់ទន្លេរហូតទៅដល់ចំណុចដែល នឹងត្រូវសាងសង់ស្ថានីយប្រេងតាមការស្នើសុំនេះ ប៉ុន្ដែកាលណោះការសាងសង់ គឺបានស្រុតបាក់ធ្លាក់ចូលទន្លេដែលធ្វើឱ្យម្ចាស់ម៉ៅ
ការអភិវឌ្ឍ សាងសង់ខាតបង់រាប់សិបម៉ឺនដុល្លារ ។ ការសុំសាងសង់ស្ថានីយប្រេងនេះ មន្ដ្រីរាជការ អ្នកជំនាញ និងប្រជាពលរដ្ឋបានគិតថា ពុំគួរអនុញ្ញាតឱ្យមានការសាងសង់ ស្ថានីយនៅទីនោះឡើយ ហើយម្យ៉ាងវិញ ទៀតបើចេះតែមានអ្នកសុំសាងសង់គ្រឹះជាប់មាត់ទន្លេបែបនេះបាន ថ្ងៃក្រោយនឹងមានអ្នកសុំធ្វើដូចគ្នាបន្ដទៀត ហើយភាពអនាធិប តេយ្យនឹងកើតមានឡើងនៅមាត់ច្រាំងទន្លេ ផ្សារក្រោមធ្វើឱ្យបាត់បង់សោភ័ណភាព បាំងភ្នំកង្រីជាភ្នំប្រវត្ដិសាស្ដ្រជាពុំខាន ៕






















