ខេត្តកណ្តាល ៖ មងក្រឡាល្អិត (ឡុក) ត្រូវបានគេប្រទះឃើញ រាយជាច្រើនកន្លែង ប្រវែងប្រមាណពី ៥០ ទៅ ១០០ ម៉ែត្រ នៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ រយៈពេល ១០ ថ្ងៃមកហើយ មងក្រឡាល្អិត (ឡុក) បានរាយកាន់តែច្រើនឡើងៗ ធ្វើឱ្យប្រជាពល រដ្ឋ ប្រមាណ ៧០០ គ្រួសារ ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះដល់រដូវហាមនេសាទហើយ ត្រីកំពុងពង ត្រូវការបន្តពូជ ប៉ុន្តែ បែរជាមានមនុស្សចំនួន ប្រើឧបករណ៍នេសាទខុសច្បាប់ទៅវិញ ។ មេភូមិរងកោះតេជោ លោក អៀម សុផល បានប្រាប់ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងនៅថ្ងៃទី ២១ ខែកក្កដា នេះថា ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ បាននាំគ្នាជួបជុំ ឱ្យអាជ្ញាធររកដំណោះស្រាយ ជុំវិញការដាក់រាយមងក្រឡាល្អិត (ឡុក)នៅជុំវិញកោះតេជោ ។ លោកបន្តថា នេះគឺជាលើកទី១ ហើយ ដែលមានការដាក់មងក្រឡាល្អិត (ឡុក) យ៉ាងគគ្រឹកគគ្រេង ជុំវិញកោះតេជោនេះ បើទោះបីជា ប្រជាពល រដ្ឋនៅកោះ នេះ ភាគច្រើនប្រកបរបរកសិកម្មក៏ដោយនោះ ប្រជាពលរដ្ឋនៅតែព្រួយបារម្ភ ខ្លាចហិចហោចពូជត្រីនៅប្រទេសកម្ពុជា ។ លោកបញ្ជាក់ទៀត ថា លោកក៏បានធ្វើរបាយការណ៍ ពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដាក់ទៅអាជ្ញាធរឃុំ ដើម្បីអន្តរាគមន៍ បន្តទៅមន្ត្រីជលផល ប៉ុន្តែ រយៈពេល ប៉ុន្មានថ្ងៃមកនេះ មិនទាន់មានការអន្តរាគមន៍ ពីខាងថ្នាក់លើនៅឡើយទេ លោកមិនដឹងថា តើខាងមន្ត្រីជលផលបានដឹង ឬក៏ធ្វើមិនដឹងនោះ ឡើយ ។
លោកមេឃុំគគីរធំ នុត សាអុន បានច្រានចោលថា គ្មានមងក្រឡាល្អិតឯណា នៅជុំវិញកោះតេជោនោះទេ មានតែមងប្រជាពលរដ្ឋ នេសាទ ជាលក្ខណៈគ្រួសារ ៤-១០ ម៉ែត្រតែប៉ុណ្ណោះ ។ លោកបន្តថា សមត្ថកិច្ចនគរបាល បានចុះទៅត្រួតពិនិត្យ តែគ្មានឃើញអ្វីទាំងអស់ តែលោកនឹង ព្យាយាមតាមដានថា តើមានសកម្មភាពនោះមែន ឬក៏យ៉ាងណា ?មេភូមិកោះតេជោ លោក វ៉ែន វ៉ន បានប្រាប់ឱ្យដឹងដែរថា លោកនឹងចាត់កម្លាំងសមត្ថកិច្ចឱ្យចុះទៅប្រមូលស្បៃមុងក្រឡាល្អិត ក្នុងពេលឆាប់ៗ ខាងមុខនេះ ហើយលោកពិតជាបានឃើញថា មានករណីរាយមងក្រឡាល្អិត (ឡុក) នេះ នៅជុំវិញកោះតេជោ នោះមែន ដែលមានប្រវែងពី ៥០ ទៅ ១០០ ម៉ែត្រ ។
ទាក់ទងនឹងករណីនេះ លោកមេភូមិរង អៀម សុផល បានអំពាវនាវ សូមឱ្យអាជ្ញាធរ មេត្តាជួយអន្តរាគមន៍រឿងនេះផង ក្រោយពីឃើញរបាយ ការណ៍ ដែលអាជ្ញាធរភូមិ និងប្រជាពលរដ្ឋ បានដាក់កាលពីកន្លងទៅ បើមិនដូច្នោះទេ ធនធានធម្មជាតិនឹងហិចហោចមិនខាន ហើយប្រជានេសាទ ក៏មិនដឹងជាត្រូវពឹងទៅលើអ្វីនោះដែរ ។
សូមជម្រាបថា កាលពីពេលថ្មីៗនេះ អ្នកភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានទូរស័ព្ទរាយការណ៍ឱ្យដឹងថា បច្ចុប្បន្ននេះនៅតាមដងទន្លេ មេគង្គក្រោម ក្នុងស្រុកភូមិរបស់ពួកគាត់មានអ្នកនេសាទជាច្រើន បានប្រើប្រាស់ឧបករណ៍នេសាទ ល្មើសច្បាប់ប្រភេទឡុក ដាក់ចាប់កូនត្រីនៅ តាមដងទន្លេជារៀងរាល់ថ្ងៃយប់ ដើម្បីយកទៅធ្វើចំណីត្រីឆ្តោ ដែលពួកឈ្មួញ អ្នកនេសាទលួចចិញ្ចឹមនៅតំបន់នោះ។
សេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមថា តាមការរាប់ត្រួសៗ ការនេសាទដោយប្រើឧបករណ៍ឡុកដាក់ចាប់ កូនត្រីនៅក្នុងរដូវហាមឃាត់នេះ យ៉ាងហោចណាស់ក៏មានជិត១០០ឡុកដែរ ដោយខ្លះដាក់នៅតាមបណ្តោយច្រាំងទន្លេ តាមគុម្ពត្រែង ហើយខ្លះទៀត គឺដាក់កាត់ទទឹងទន្លេតែម្តង។
អ្នករាយការណ៍បានបន្ថែមថា គ្រាន់តែនៅក្នុងភូមិកោះតេជោរបស់ពួកគេ គាត់រាប់ឃើញមានជិត ៨០ឡុក ឯណោះ គឺពួកអ្នកនេសាទដាក់ទាំង យប់ទាំងថ្ងៃដោយគេមិនបានឃើញមន្ត្រីជំនាញជលផល ឬសមត្ថកិច្ចពាក់ព័ន្ធចុះទៅពិនិត្យនិងបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋដែលមើលឃើញនូវសកម្មភាព បំផ្លិចបំផ្លាញពូជមច្ឆជាតិនៅក្នុងរដូវហាមឃាត់នេះ បានសំណូមពរសុំឱ្យសមត្ថកិច្ចជំនាញជលផល ថ្នាក់លើជួយចុះទៅពិនិត្យមើលផង។






















