ខេត្ដកណ្ដាល ៖ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១០ ផ្នែករដ្ឋបាលជលផលបាសាក់ និងសង្កាត់រដ្ឋបាលជលផលកណ្ដាល ស្ទឹងបានសហការជាមួយអង្គការសេដាក អាជ្ញាធរឃុំព្រែកស្លែង និងអាជ្ញាធរស្រុកកណ្ដាលស្ទឹងបានប្រារឰពិធីលែងកូនត្រីនៅ ក្នុងបឹងអូរតាប៉ោង ស្ថិតនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ដោយមានការអញ្ជើញចូលរួមពីព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ លោកស្រី មាស សុខខែម មេឃុំព្រែក ស្លែងបានថ្លែងអំណរគុណដល់អង្គការសេដាក និងផ្នែករដ្ឋបាលជលផលបាសាក់ដែល បានយកកូនត្រីមកលែងក្នុងឃុំ ។ លោកស្រីបានណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យនាំគ្នាការពារឱ្យបាន គង់វង្សនូវពូជមច្ឆជាតិ ចៀសវាងការប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ។
លោក សេង ធីម នាយផ្នែករដ្ឋបាលជលផលបាសាក់ថ្លែងថា ការលែងកូនត្រីទៅក្នុងបឹងធម្មជាតិនេះមានសរុបចំនួន១៥.១០០ក្បាល ក្នុងនោះមានកូនត្រីឆ្ពិនចំនួន១០.១០០ក្បាល និងកូនត្រីប្រា៥.០០០ក្បាល ដើម្បីឆ្លើយតបទៅនឹងទិសដៅរបស់ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល គឺធ្វើឱ្យកន្លែងដែលមានទឹកមានត្រីឡើងវិញ ។ ថ្វិដ្បិតតែកូនត្រីដែលបានលែងនេះ មិនទាន់គ្រប់គ្រាន់នៅឡើយ ប៉ុន្ដែយើងអនុ វត្ដជាបន្ដបន្ទាប់ឱ្យបានគ្រប់ឃុំក្នុងដែនសមត្ថ កិច្ចរបស់ផ្នែកបាសាក់ ។លោកថ្លែងទៀតថា យើងបានកត់សំគាល់ក្នុងឆ្នាំនេះស្ថានភាពទឹកជំនន់ឡើង យឺតបើប្រៀបធៀបនឹងឆ្នាំកន្លងមក ហើយកំពស់ទឹកទាបជាងចាប់ពី១,៥ម៉ែត្រទៅ២ម៉ែត្រ ។ កំដៅឡើងខុសពីរៀងរាល់ឆ្នាំ ហើយបឹងបួមួយចំនួនដែលមិនធ្លាប់រីង បែរជាគោករីងរាក់ ។ កត្ដាទាំងអស់នេះយើងព្រួយបារម្ភខ្លាចផលត្រីឆ្នាំក្រោយអាចថយចុះ ជាងឆ្នាំមុនៗ ប៉ុន្ដែដើម្បីស្ដារឡើងវិញនូវ អ្វីដែលកំពុងតែរងគ្រោះ យើងបានចាត់វិធានការការពារទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់ដូចជា ឧបករណ៍ឆក់ ស្បៃមុង អួនក្រឡាញឹក និងត្រូវរៀបចំ បន្ថែមទៀតនៅតំបន់អភិរក្ស ជាពិសេសការ លែងកូនត្រីពូជឱ្យបានច្រើនទៅក្នុងបឹងធម្មជាតិ ។
លោកជួប សុភ័ក្រ អភិបាលរងស្រុកកណ្ដាលស្ទឹងបានថ្លែងអំណរគុណដល់ផ្នែករដ្ឋបាលជលផលបាសាក់ ដែលសហការបង្កើតកម្មវិធីលែងកូនត្រីនេះ និងគាំទ្រសកម្មភាពនេះផងដែរ ។ លោកបានអំពាវនាវប្រជាពលរដ្ឋគ្រប់រូបឱ្យប្រគល់ឧបករណ៍នេសាទ ខុសច្បាប់ទាំងឡាយឱ្យសមត្ថកិច្ចដោយស្មារតីភ្ញាក់រលឹក ។ លោកបានសំណូមពរឱ្យមានកម្មវិធីលែង កូនត្រីច្រើនថែមទៀតនៅបឹងធម្មជាតិជា ប្រយោជន៍ដើម្បីថែរក្សាធនធានមច្ឆជាតិ កុំឱ្យបាត់បង់៕






















