មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកផ្នែកជលផល បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែបន្តបំផុសឲ្យប្រជាពលរដ្ឋជាអ្នកនេសាទនានា ងាកមកបង្កើតអាជីវកម្មចិញ្ចឹមត្រីឲ្យបានច្រើននៅពេលនេះ។
RFA/Kim Peou
ត្រីនៅក្នុងស្ថានីយចិញ្ចឹមត្រីមួយកន្លែងស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល
ការជំរុញនេះ គឺបន្ទាប់ពីក្រុមមន្ត្រីបានធ្វើការប៉ាន់ប្រមាណទុកថា ផលនេសាទនៅឆ្នាំ២០១០ និងសម្រាប់ឆ្នាំ២០១១ ខាងមុខនេះ នឹងថយចុះច្រើនជាងឆ្នាំ២០០៩ កន្លងទៅ នៅគ្រាដែលមានគ្រោះរាំងស្ងួត និងកម្ពស់ទឹកទន្លេមេគង្គ និងទន្លេសាប មានកម្រិតទាបខុសពីធម្មតាមិនអាចឲ្យត្រីពងកូនបាន។
កាលពីឆ្នាំ២០០៩ កន្លងទៅ ប្រទេសកម្ពុជា បានទទួលផលនេសាទត្រីចំនួន ៥១៥ពាន់តោន។ ប៉ុន្តែនៅឆ្នាំ២០១០នេះ លោករំពឹងថា ផលនេសាទត្រីនេះអាចនឹងថយចុះច្រើនជាងឆ្នាំ២០០៩ ពីព្រោះកម្ពស់ទឹកទន្លេសាប និងទន្លេមេគង្គ មានកម្រិតទាបជាងឆ្នាំ២០០៩ កន្លងទៅចំនួនពី ៣ ទៅ ៤ម៉ែត្រ នៅក្នុងរយៈពេលដូចគ្នាក្នុងខែកក្កដានេះ។
ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រទេសកម្ពុជា លោក ណៅ ធួក បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថៃ្ងទី២៧ ខែកក្កដានេះ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ៖ «គឺសុំជំរុញការងារវារីវប្បកម្ម គឺការចិញ្ចឹមត្រី ពីព្រោះបើត្រីធម្មជាតិវាតិចហើយ យើងត្រូវតែជំរុញការចិញ្ចឹមត្រី»។
ណៅ ធួក ៣០៥ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ណៅ ធួក។ RFA/Sok Serey
ស្របពេលគ្នានេះដែរ រដ្ឋបាលជលផលប្រទេសកម្ពុជា កំពុងតែរឹតបន្តឹងវិធានការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នានា នៅក្នុងអំឡុងពេលរដូវបិទនេសាទ កាលពីថៃ្ងទី១ ខែមិថុនា រហូតដល់ដំណាច់ខែតុលា ខាងមុខនេះ។ ការនេសាទទ្រង់ទ្រាយធំ ឬសិប្បកម្មនេសាទ កំពុងត្រូវបានហាមឃាត់ ប៉ុន្តែរដ្ឋបាលជលផលអនុញ្ញាតឲ្យមានការនេសាទលក្ខណៈគ្រួសារ ដូចជាការចង ឬរាយសន្ទូច និងការប្រើប្រាស់មងក្រឡាធំធម្មតា ការប្រើប្រាស់ឧបករណ៍នេសាទផ្សេងៗ ដូចជាលប និងទ្រូជាដើម។
ប្រជាពលរដ្ឋឈ្មោះ គង់ ភ័ណ្ឌ អាយុ ៥២ឆ្នាំ ជាអ្នកនេសាទនៅក្នុងឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅជាប់ឡូត៍នេសាទលេខ១៥ ឬហៅថា ទន្លេតូច ជាដៃរបស់ទន្លេមេគង្គ បានថែ្លងថា ៖ «ឆ្នាំនេះ បើសិនណាជាទឹកទន្លេពុំមានឡើងទេហ្នឹង ប្រជាពលរដ្ឋប្រាកដជាគាត់ខ្វះខាតបញ្ហាត្រីហូបហ្នឹងខ្លាំងក្លាមែន ទែន ដោយសារតែឆ្នាំនេះ នៅក្នុងបឹងនេះអត់មានទឹកសោះខែនេះ»។
ទាក់ទងនឹងស្ថានការណ៍ទឹកទន្លេមេគង្គខាងលើនេះ ប្រទេសជារដ្ឋសមាជិកចំនួន១០ នៃសមាគមអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤៣ ថ្នាក់រដ្ឋមន្ត្រីការបរទេស នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថៃ្ងទី១៩ ខែកក្កដា ដល់ថៃ្ងទី២៣ ខែកក្កដា ថ្មីៗនេះ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញកម្ពស់ទឹកទន្លេមេគង្គ មានកម្រិតទាបខុសពីធម្មតានេះ។
អ្នកស្រាវជ្រាវឯករាជ្យបានឲ្យដឹងថា មានប្រជាពលរដ្ឋចំនួនជាង ៦០លាននាក់នៅក្នុងប្រទេសចំនួន៦ គឺរស់នៅពឹងផ្អែកលើផលនេសាទត្រី និងទឹកទន្លេមេគង្គ ក្នុងនោះមានប្រទេសចិន ថៃ វៀតណាម លាវ កម្ពុជា និងភូមាជាដើម។
អ្នកស្រាវជ្រាវឯករាជ្យបានបន្ទោសថា បញ្ហាខាងលើនេះបណ្ដាលមកពីប្រទេសចិន បានសាងសង់ទំនប់វារីអគ្គិសនីចំនួន ៨កន្លែង នៅអាងទន្លេមេគង្គភាគខាងលើ ដែលបង្កឲ្យមានការប្រែប្រួលកម្ពស់ទឹកទន្លេមេគង្គ និងបរិស្ថានផ្សេងៗ ប៉ុន្តែប្រទេសជារដ្ឋសមាជិកសមាគមអាស៊ាន មិនបានថ្កោលទោសប្រទេសចិនទេ នៅក្នុងកិច្ចប្រជុំកន្លងទៅនេះ។
ប្រទេសជារដ្ឋសមាជិកសមាគមអាស៊ាននោះ មានផែនការមួយចំនួន ដូចជាការការពារបរិស្ថាន ការអប់រំប្រជាពលរដ្ឋ និងការការពារសុខភាពប្រជាពលរដ្ឋជាដើម។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីឡារី ក្លីនតុន (Hillary Clinton) បានប្រកាសសន្យាផ្តល់ប្រាក់ចំនួនសរុប ១៨៧លានដុល្លារអាមេរិកដល់ប្រទេសនានា នៅក្នុងអនុតំបន់ទន្លេមេគង្គ រាប់ទាំងកម្ពុជាផង ដើម្បីគាំទ្រកម្មវិធីទាំងនោះ មានដូចជាការពារបរិស្ថាន វិស័យសុខាភិបាល និងវិស័យអប់រំ៕





















